Showing posts with label ចំណេះដឹងទូទៅ. Show all posts
Showing posts with label ចំណេះដឹងទូទៅ. Show all posts

Thursday, July 18, 2013

thumbnail

ស្វែងយល់​​ពីវិធីថែ​រក្សា​​ភ្នែក​​៩យ៉ាង​ សម្រាប់​​អ្នក​ប្រើប្រាស់​​​កុំព្យូទ័រ

ការ​សម្លឹងមើល កញ្ចក់​កុំព្យូទ័រ​ពេញ​មួយថ្ងៃ អាចដាក់​សម្ពាធ​ជាខ្លាំង ទៅលើ​កែវភ្នែក​របស់​អ្នក​។ ទាំងនេះ គឺជា​គ​ន្លឹ​: ក្នុងការ​ថែរក្សា​ភ្នែក​អ្នក​ពី ភាព​នឿយហត់ ដែល​កើតមាន​ជាមួយនឹង ការងារ​នៅក្នុង បន្ទប់​ការិយាល័យ​របស់​អ្នក​។
1-​ អនុញ្ញាតអោយ ភ្នែក​របស់​អ្នកមាន​ពេល​សម្រាក​: ចូរ​ប្រាកដថា អ្នក​បាន​ងាក​ចេញពី​កញ្ចក់​កុំព្យូទ័រ រាល់​១៥​នាទី​ម្តង ប្រសិនបើ​អ្នក​មិនអាច​ធ្វើបាន​ ច្រើនជាង​នេះ ។ អ្នក​អាច​ក្រលេក​ទៅ​មើល អ្វី ដែល​នៅ​ជិត ឬ នៅ​ស្ថិតនៅ​ឆ្ងាយ​ពី​អ្នក ដើម្បី​ជួយ​ក្នុងការ​ធ្វើ​លំ​ហាត់ប្រាណ​ដល់ ជម្រៅ​នៃ ញាណ​មើលឃើញ​របស់​អ្នក​។ វា​ជាការ​ប្រសើរ ក្នុងការ​សំលឹង​មើលទៅ​ខាងក្រៅ​បង្អួច នៅពេល ដែល​អ្នក​ព្យាយាម​ផ្តោត​កែវភ្នែក​របស់​អ្នក ទៅលើ​របស់​អ្វី ដែល​នៅ​ឆ្ងាយ​។
2-​ ចូរ​ចាំ​ថា អ្នក​ត្រូវ​ព្រិច​ភ្នែក​: នៅពេលដែល​អ្នក សម្លឹងមើល​ទៅលើ​កញ្ចក់​អេក្រង់​របស់ កុំព្យូទ័រ នោះ​យើង​ហាក់​នឹង ធ្វើការ​ព្រិច​ភ្នែក ប្រហែលជា​ប្រាំ​ដង តិចជាង​ពេល​ធម្មតា​។ ការ​ព្រិច​ភ្នែក ហាក់ដូចជា​សកម្មភាព មិន​សំខាន់​មួយ ប៉ុន្តែ​វា​អាច​នឹង​ផ្តល់នូវ​ជាតិ​រំអិល ទៅលើ​គ្រាប់ភ្នែក​ដែល​អាចធ្វើអោយ​ពួកវា ធ្វើការ​បាន​យ៉ាង​រលូន​ល្អ​។
3-​ ធ្វើ​លំ​ហាត់ប្រាណ ចំពោះ​គ្រាប់ភ្នែក​: វា​អាច​នឹង​មើលទៅ​រាង​ឆ្គង​បន្តិច ប៉ុន្តែ​វា​ពិតជា​អាចជួយ​អ្នក បាន​។ កន្លែង​ដែលមាន​ភាព​ឯកជន​សម្រាប់​អ្នក ក្នុងការ​ធ្វើ​វា​នោះ គឺ​នៅក្នុង​បន្ទប់ទឹក​។ អ្នក​អាច ចំណាយពេល ១​នាទី ក្នុងការ​ធ្វើ​ចលនា​បង្វិល​, បញ្ឆៀង និង ព្រិច​ភ្នែក​ក្នុង​រយៈពេល​វែង​មួយ​។
4-​ ដាក់​ថ្នាំ​បន្តក់​ភ្នែក : ជាពិសេស​នៅក្នុង​រដូវរងារ កែវភ្នែក​របស់​អ្នក​គឺ​ហាក់​នឹងមាន សភាព​ស្ងួត​ជាង ពេល​ធម្មតា​។ ដូចនេះ អ្នក​គួរ​ធ្វើការ​បន្តក់ថ្នាំ​ដាក់​ភ្នែក អោយបាន​ពីរ​ទៅ​បី​ដង ក្នុង​មួយថ្ងៃ​។
5- កែតម្រូវ​ស្ថានភាព ការងារ​របស់​អ្នក ដោយ​ដាក់​អក្សរ ដែល​អ្នក​ត្រូវ​មើល អោយ​ស្ថិត​ចំ កម្រិត កែវភ្នែក​របស់​អ្នក​ដែល​អាច​សំលឹង​បាន ដោយ​អ្នក​មិនត្រូវ​ខំប្រឹង ងើយ​ឡើងលើ ឬ ចុះក្រោម​ពេក នោះទេ​។ កញ្ចក់​អេក្រង់​កុំ​ព្យូ​រ​ទ័​រ គួរ​ស្ថិតនៅ​អោយបាន​ឆ្ងាយ​ស្មើនឹង ចម្ងាយ​ដៃ​របស់​អ្នក​។ អ្នក​ត្រូវដាក់​ខ្នង អោយនៅ​ផ្អែក​ទៅនឹង កៅអី​របស់​អ្នក​។ ការ​អង្គុយ​ក្នុងស្ថានភាព​បាន​ត្រឹម ត្រូវ ក៏​អាចជួយ​អ្នក​ក្នុងការ ការពារ​នូវ​អាកា​រៈ​រោយ​ក បាន​ផងដែរ​។
6-​ ចំណាយពេល​សម្រាក នៅ​ខាងក្រៅ ដោយ​ធ្វើការ​ដកដង្ហើម​យក​ខ្យល់​បរិសុទ្ធ​: អ្នក​អាច​ធ្វើការ ទូរស័ព្ទ​ទៅកាន់ មិត្តភក្តិ ដែល​មិនបាន​ជួបគ្នា​មួយរយៈ​ទៅហើយ ក្នុង​រយៈពេល​ខ្លី​មួយ ដើម្បី​ជួយ អោយ ចរន្តឈាមរ​ត់របស់​អ្នក ដំណើរការ​បានល្អ​។ សកម្មភាព​ក្នុង​រយៈពេល​ខ្លីៗ​ទាំងនេះ អាច​ផ្តល់នូវ​ភាព​អស្ចារ្យ​ចំពោះ​រាងកាយ និង ផ្លូវចិត្ត ហើយ​ថែមទាំង​បាន​បន្ថែម ឥទ្ធិពល​ល្អ ទៅលើ​ស្ថានភាព កែវភ្នែក​ទាំង​គូរ​បស់​អ្នក បាន​ផងដែរ​។
7-​ ការទទួល​ទាន​អាហារ អោយមាន​តុល្យភាព ក៏បានផ្តល់​ផល​ល្អ ចំពោះ​សុខភាព​កែវភ្នែក​របស់​អ្នក ដែរ​។ អាហារ​ទាំងនោះ រួមមាន​ដូចជា​៖ ស៊ុត​, ការ៉ុត និង ប្រភេទ​ស្ពៃក្តោប​ជាច្រើន​ប្រភេទ និង ផ្លែ​បឺ​រ​។ ប្រភេទ​អាហារ​ទាំងនេះ គឺ​សំបូរ​ទៅដោយ សារជាតិ​បំប៉ន​មានដូចជា lutein ដែល​ពិតជា មាន​ភាព​វិសេសវិសាល​ចំពោះ​កែវភ្នែក​អ្នក​។
8- ធ្វើការ​ផឹកទឹក​អោយបាន​ច្រើន ក្នុងពេល​មួយថ្ងៃៗ ជាពិសេស ប្រសិនបើ​អ្នក​បាន​ផឹក កាហ្វេ នៅក្នុង​ពេលព្រឹក​។ សារជាតិ​កាហ្វេ​អ៊ី​ន អាចធ្វើអោយ​គ្រាប់ភ្នែក​របស់​អ្នក ឡើង​ស្ងួត​បាន​។
9-​ សម្រាប់​អ្នក ដែល​ត្រូវ​ប្រើ​កុំព្យូទ័រ​យួរដៃ នៅផ្ទះ នោះ​អ្នក​ក៏​អាចបង្កើត​នូវ កន្លែងធ្វើការ​មួយ ដោយ ដាក់​តុ និង ស្ថានភាព​ដូចដែល​បាន​រៀបរាប់​មកពី​ខាងលើ​នេះដែរ​។ វា​ជាការ​ប្រសើរ សម្រាប់​អ្នក ក្នុងការ អង្គុយ​នៅលើ​កៅអី​ពូក ដែលមាន​កន្លែង​តម្រេក​ខ្លួន ជាមួយនឹង​ការ​សម្រាក​បាន​ដ៏​ល្អ ប៉ុន្តែ​អ្នក មិនត្រូវ​ស្ថិត ក្នុងស្ថានភាព​បែបនេះ ច្រើនជាង​រយៈពេល​មួយ​ម៉ោង​នោះទេ (​វា​អាចធ្វើអោយ​អ្នក រោយ​ក​) ។ ចូរ​ប្រាកដថា អ្នក​នឹងមិន​ធ្វើ​ការងារ នៅក្នុង​កន្លែង ងងឹត​នោះទេ​។ ពន្លឺ​ដែល​ជះ​ចេញពី​កញ្ចក់​អេក្រង់ កុំព្យូទ័រ និង ភាព​ងងឹត អាចធ្វើអោយ​គ្រាប់ភ្នែក​អ្នក ឆាប់​ចុក​រោយ​ជាង​ពេល​ធម្មតា ៕​
​ប្រភពពី ​Techno2Day

ចុចអានបន្ត»

Saturday, July 13, 2013

thumbnail

ស្វែងយល់ពី វិធីធ្វើឱ្យអារម្មណ៍​ ជ្រះថ្លា

ការគិតរបស់មនុស្សម្នាក់ៗ មានលក្ខណៈខុសៗពីគ្នា។ លោកអ្នកខ្លះគិតផ្ដោត ទៅលើអ្វីដែលងាយស្រួល និងមានភាពសប្បាយ ហើយលោកអ្នកខ្លះទៀត គិតទៅលើចំណុចណា ដែលមានការពិបាកស្មុគស្មាញ។ ការគិតអំពីការលំបាកស្មុគស្មាញបែបនេះ អាចបណ្ដាលឱ្យអារម្មណ៍សោកសៅ មិនសប្បាយចិត្ដ និងសម្ដែងចេញនូវកង្វល់ ឱ្យអ្នកដទៃបានដឹង។ ការគិតទៅលើរឿងស្មុគស្មាញ ច្រើនពេកមិនត្រឹមតែធ្វើឱ្យ លោកអ្នកតប់ប្រមល់នោះទេ តែវាអាចធ្វើឱ្យលោកអ្នក ឆាប់ចាស់មុនអាយុ ឬក៏អាចបង្កទៅជាជម្ងឺផ្សេងៗ ទៀតផង។ តើមានវិធីអ្វីខ្លះដែលធ្វើឱ្យ អារម្មណ៍ជ្រះថ្លាបាន?
ដើម្បីឱ្យជ្រាបច្បាស់អំពីវិធីធ្វើឱ្យអារម្មណ៍ជ្រះថ្លា គេហទំព័រសុខភាពកម្ពុជា បានជួបសម្ភាសន៍ជាមួយឧកញ៉ាមហា ឧបាសិកា ញ៉ឹកប៊ុនថា ឧត្ដមប្រឹក្សាសម្ដេច មហាព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។
មូលហេតុបង្កឱ្យមានកង្វល់
នរណាក៏អាចមានការ បារម្ភចំពោះខ្លួនឯងដែរ វាជាការធម្មតាសម្រាប់មនុស្ស។ បញ្ហាកង្វល់កើតនៅ លើស្ដ្រីច្រើនជាងបុរស ។ ការមានកង្វល់ចិត្ដកើតឡើង ចំពោះមនុស្សគ្រប់រូប គ្រាន់តែខុសគ្នាបន្ដិចត្រង់ថាអ្នកខ្លះ មានកង្វល់ចំពោះគ្រួសារ កង្វល់ចំពោះខ្លួន ឯងនិងកង្វល់ផ្សេងៗដែលពាក់ព័ន្ធ ទៅនឹងការរស់នៅប្រចាំថ្ងៃជាដើម។
កង្វល់ក្នុងគ្រួសារ ៖ មនុស្សកើតមក មានរូបមានទុក្ខដូចៗគ្នា គ្មានអ្នកណាម្នាក់ចៀសរួចបានឡើយ។ លោកអ្នកជាមាតាបិតាគិត ចំពោះអនាគតកូនថាតើទៅ ថ្ងៃមុខកូនទៅជាយ៉ាងណា។ ទឹកចិត្ដរបស់ឪពុកម្ដាយមាន ទំហំធំបំផុតចំពោះកូន ទើបលោកទាំងពីរខិតខំ ប្រឹងប្រែងរកស៊ីដើម្បីឱ្យកូន បានទទួលទានគ្រប់គ្រាន់ រៀនបានខ្ពង់ខ្ពស់ និងមានការងារធ្វើត្រឹមត្រូវល្អ។ ចំណែកមាតាបិតាខ្លះទៀត ព្យាយាមតាមដានកូនខ្លាចកូនដើរ ទៅរកផ្លូវខុសដោយសេព គប់មិត្ដភក្ដិមិនល្អ ដើរលេងផ្ដេសផ្ដាស មិនឧស្សាហ៍សិក្សា(គេច សាលា)ជាដើម។ មិនតែប៉ុណ្ណោះស្ដ្រីមួយចំនួនបារម្ភពីប្រាក់ចំណូល មិនសូវគ្រប់គ្រាន់សម្រាប់ ផ្គត់ផ្គង់ក្រុមគ្រួសារ ឬបារម្ភពីស្វាមីទៅ មានស្រីខាងក្រៅមិនយកចិត្ដទុក ដាក់លើក្រុមគ្រួសារ។ ជាពិសេសនៅពេលឃើញគ្រួសារអ្នកដទៃ មានសេចក្ដីសុខ ចំណែកគ្រួសារខ្លួន ឯងហេតុអ្វីពិបាកមិនចេះ ចប់មិនចេះហើយ?
-កង្វល់ក្នុងអាជីវកម្ម ឬការងារ ៖ ជាធម្មតាលោកអ្នកទាំងឡាយ ដែលមានរបរអាជីវកម្មតែង មានការព្រួយបារម្ភទាំង ការចំណាយក៏ដូចជាចំណូល។ អ្នកជំនួញភាគច្រើននៅ ពេលមានបញ្ហាអ្វីកើតឡើង មិនចូលចិត្ដប្រាប់ក្រុមគ្រួសារបងប្អូន ញាតិសន្ដានទេតែងតែព្យាយាម រកដំណោះស្រាយដោយខ្លួនឯង។
-កង្វល់ចំពោះខ្លួនឯង ៖ ការគ្រប់គ្រងអារម្មណ៍ជាការពិបាកបំផុត ប្រសិនបើលោកអ្នកមិនមានការបែងចែក ឱ្យបានត្រឹមត្រូវក្នុង ដំណាក់កាលនីមួយៗ។ ការតូចចិត្ដនឹងខ្លួនឯង ចង់មានចង់បាន ដូចជាចង់បានការងារល្អ ឬប្រាក់ខែច្រើន នាំឱ្យមានអារម្មណ៍ កង្វល់។ ម្យ៉ាងទៀតការគិតថា ខ្លួនអន់ជាងអ្នកដទៃខាងចំណេះវិជ្ជា ហេតុដូចម្ដេចបាន ជាគេរៀនពូកែ ការចងចាំល្អ និងអនាគតភ្លឺ ស្វាង។ និយាយពីខាងសម្ផស្សវិញ លោកអ្នកមួយចំនួនកើត មកស្អាតគ្រប់យ៉ាង អ្នកខ្លះមានរូបរាងមិនសមប្រកប ហេតុនេះក៏នាំឱ្យមាន អារម្មណ៍តូចចិត្ដ មានកង្វល់រហូត។
វិធីធ្វើឱ្យអារម្មណ៍ជ្រះថ្លា
វិធីធ្វើឱ្យអារម្មណ៍ជ្រះថ្លាត្រូវ ចំណាយពេលវេលាច្រើនបន្ដិច។ បើលោកអ្នកចង់បានសុខភាពល្អ ភាពស្រស់ស្រាយក្នុងឆាកជី វិតលោកអ្នកត្រូវតែចំណាយ ពេលសម្រាប់ខ្លួនឯង ដើម្បីកាត់បន្ថយភាពតានតឹង នៅក្នុងឆាកជីវិត។ ដូចនេះលោកអ្នកគួរតែអនុវត្ដតាម ប្រការមួយចំនួនដូចខាងក្រោម។
1. ការតាំងសមាធិ ៖ សំដៅលើការផ្ដោតអារម្មណ៍ តែមួយដោយអប់រំខ្លួនឯងឱ្យរីកចម្រើន ត្រូវគិតតែចំណុចណាដែល ប្រសើរសម្រាប់ជីវិត។ ម្យ៉ាងទៀតសូមលោកអ្នក កាត់បន្ថយនូវទុក្ខកង្វល់ ទាំងឡាយដែលបានកើតមានពេលមុន។ សម្រួលអារម្មណ៍ឱ្យស្រួលដោយ គិតថាមនុស្សកើតមកមានជោគវាសនា មិនដូចគ្នាទេ។ ការទុកចិត្ដចំពោះខ្លួនឯង វាប្រសើរជាងទៅពឹងផ្អែក អ្នកផ្សេងហើយត្រូវប្រកាន់ ភ្ជាប់នូវធម៌វៀរចាកអំពើអាក្រក់។
2. ការសេពគប់ ៖ លោកអ្នករស់នៅក្នុងសង្គម ការរាប់អានបងប្អូនញាតិមិត្ដអ្នក ជិតខាងជាការត្រឹមត្រូវ។ ប៉ុន្ដែចំពោះការសេពគប់គួរ ជ្រើសរើសមនុស្សបែបណា ដែលអាចប្រាស្រ័យទាក់ទងគ្នាបាន ឬជាដៃគូពិភាក្សាលើចំណុច ការងារក៏ដូចជាជីវិតរស់នៅ ប្រចាំថ្ងៃ។ បន្ថែមពីលើនេះទៀត ធ្វើយ៉ាងណាត្រូវចេះសម្របខ្លួន សហការរវាងបងប្អូន និងញាតិសន្ដានក្នុងក្រុមគ្រួសារ ទើបការរស់នៅ មានសុភមង្គល។ ការចូលរួមចំណែកក្នុងសង្គម ក៏ជាទឹកចិត្ដជ្រះថ្លាដែរ ដូចជាបរិច្ចាគបច្ច័យជួយ កសាងសង្គមដើម្បីកាត់បន្ថយភាពក្រី ក្រជាដើម។
3. ការដើរទស្សនាចរ(កម្សាន្ដ) ៖ នៅថ្ងៃឈប់សម្រាក លោកអ្នកគួរឆ្លៀត ឱកាសលំហែកាយ ធ្វើដំណើរកម្សាន្ដនៅ ទីកន្លែងជិតឆ្ងាយ។ ការសម្រាកជួយបន្ធូរអារម្មណ៍ និងភាពតានតឹងពីការងារ បានមួយកម្រិតធំ ពេលដើរកម្សាន្ដមិនគួរគិតពីការងារ ឬរឿងច្របូកច្របល់ឡើយ ត្រូវធ្វើចិត្ដសប្បាយ។
ដំបូន្មានអ្នកប្រឹក្សា
ការរម្ងាប់អារម្មណ៍ជួយបំបាត់នូវភាពកង្វល់ និងភាពឆេវឆាវបាន។ ដូចនេះហើយសូមលោកអ្នកព្យាយាមតាំង អារម្មណ៍ខ្លួនឯងឱ្យបានល្អប្រសើរ។ នៅពេលមានបញ្ហាកើត ឡើងក្នុងក្រុមគ្រួសារក្ដី ខាងក្រៅក្ដី សូមលោកអ្នករកដំណោះស្រាយដោយសន្ដិវិធីដើម្បីចៀសវាង ការបង្កឱ្យមានរឿងកាន់តែធំ៕
ប្រភពៈ HealthCambodia.Com

ចុចអានបន្ត»

thumbnail

អ្នក​នយោ​បាយ មាន​លុយ​ច្រើន ជាង​គេ​ទាំង ១០រូប នៅលើពិភពលោក

បច្ចុប្បន្នមហាសេដ្ឋីនៅលើពិភពលោក ភាគច្រើនសុទ្ធសឹងតែជាមនុស្ស ដែលជោគជ័យក្នុងមុខរបបអាជីវកម្ម ជំនួញ ទើបក្លាយជាមហាសេដ្ឋី ប៉ុន្តែអ្នកនយោបាយ ក៏ក្លាយជាមហាសេដ្ឋី ឬអ្នកមានលំដាប់កំពូលផងដែរ។
ខាងក្រោមនេះ គឺជាបញ្ជីរាយនាមឈ្មោះ អ្នកនយោបាយដែលមានលុយ ច្រើនជាងគេសម្រាប់ឆ្នាំ ២០១៣៖
1.    ព្រះអង្គម្ចាស់ Abdullah Bin Abdul Aziz៖ ជាស្ដេចនៃប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត ដែលជាទីគោរពរបស់ពួម៊ូស្លីម។ គាត់គឺជាស្ដេចគ្រប់គ្រងប្រទេស ដែលមានលុយចំនួន ២១ពាន់លានដុល្លារអាមេរិក បានក្លាយជាអ្នកមានទីមួយ ក្នុងចំណោមអ្នកនយោបាយ ដែលមានជាងគេក្នុងឆ្នាំ២០១៣។
2.    ព្រះចៅ ស៊ូតង់ Hassan Al Bolkiah៖ ជាព្រះចៅស៊ូតង់នៃប្រទេសប្រុយណេ ត្រូវបានគេចាត់ទុកជាអ្នកនយោបាយ ដែលមានលុយច្រើនជាងគេលំដាប់ទី ២ក្នុងឆ្នាំ២០១៣។ ដោយបច្ចុប្បន្នគាត់មានលុយប្រមាណជា ២០ពាន់លានដុល្លារអាមេរិក។
3.    លោក Michael Bloomberg ៖ លោក Michael Bloomberg ជាអ្នកដែលមានអំណាចមួយនៅក្នុង ទីក្រុងញ៉ូយ៉ក ហើយជាអ្នកនយោបាយ ដែលមានឥទ្ធិពលជាងគេ នៅក្នុងសហរដ្ឋអាមេរិក បច្ចុប្បន្នគាត់មានលុយជាង ១៩ពាន់លានដុល្លារអាមេរិក។
4.    អ្នកស្រី Sonia Gandhi៖ ជាមេដឹកនាំគណបក្សសមាជជាតិឥណ្ឌា។ គាត់ជាមនុស្សម្នាក់ ដែលរស់នៅក្នុងត្រកូលអ្នកមានឥទ្ធិពល។ គាត់ត្រូវបានប្រជាជន ឥណ្ឌាជាច្រើនលាននាក់ស្រឡាញ់ និងពេញចិត្ត។ បច្ចុប្បន្ននេះគាត់មានលុយជិត ១៩ពាន់លានដុល្លារអាមេរិក។
5.    លោក Khalifa Bin Zayed Al Nahyan៖ ជាប្រធានាធិបតិនៃប្រទេសអារ៉ាប់រួម ត្រូវបានគេចាត់ចូលជាអ្នកនយោបាយ ដែលមានលុយច្រើនជាងគេលំដាប់ទី៥ នៅក្នុងឆ្នាំ២០១៣។ បច្ចុប្បន្ន គាត់មានលុយជាង ១៨ពាន់លានដុល្លារអាមេរិក។
'
6.    លោក Viladimir Putin៖ ជាប្រធានាធិបតីរុស្ស៊ី ដែលគាត់ជាអ្នកនយោបាយមួយរូប ដែលមានប្រជាប្រិយភាពនៅក្នុងប្រទេសរុស្ស៊ី បច្ចុប្បន្នគាត់មានលុយចំនួន ១៨.៤ពាន់លានដុល្លារអាមេរិក។
7.    អ្នកស្រី Savitri Jindal៖ ជាស្ត្រីមួយរូបដែលមានឥទ្ធិពល គួរសមនៅក្នុងប្រទេសឥណ្ឌា ហើយក៏ជាអ្នកនយោបាយ ដែលមានប្រជាប្រិយភាពផងដែរ បច្ចុប្បន្នគាត់មានលុយចំនួន ១៣.២ពាន់លានដុល្លារអាមេរិក។
8.    លោក Zong Qinghou ៖ ជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Hangzhou Wahaha Group និងជាសមាជិកក្រុមប្រឹក្សាភិបាល ជាតិរបស់ចិន។ គាត់ក៏ជាមនុស្សម្នាក់ដែលមានឥទ្ធិពលនៅក្នុងជួររដ្ឋាភិបាលចិន។ គាត់មានលុយ ចំនួន ១០.៨ពាន់លានដុល្លារអាមេរិក។
9.    លោក Serge Dassault៖ ជាអ្នកនយោបាយរបស់បារាំង បច្ចុប្បន្នគាត់ជាសមាជិកព្រឹទ្ធសភា។ គាត់មានលុយចំនួន ៨ពាន់លានដុល្លារអាមេរិក។
10. លោក Silvio Berlusconi ៖ ជាអ្នកនយោបាយដ៏ចំណានរបស់អ៊ីតាលី គាត់ធ្លាប់បានធ្វើជាប្រធានាធិបតេយ្យ របស់អ៊ីតាលីចំនួន ៣ដង ដែលបច្ចុប្បន្នជាមាជិកសភា។ បច្ចុប្បន្ននេះគាត់មានលុយចំនួន ៧.៨ពាន់លានដុល្លារអាមេរិក៕'
ប្រភពៈ LookingToday 

ចុចអានបន្ត»

Tuesday, July 2, 2013

thumbnail

ទីក្រុងទាំង៧ ដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក

១.ទីក្រុង La Rinconada មានទីតាំងស្ថិតនៅក្នុងប្រទេសប៉េរូ  ជាតំបន់ជីករ៉ែមាស វ័យចំណាស់មួយ ។ នៅក្នុងទីក្រុងនេះ មានប្រជាជនរស់នៅ ប្រមាណជា ៥០.០០០នាក់ ជាទីក្រុងដែលមានទីតាំង ស្ថិតនៅលើភ្នំ ក្នុងកម្រិតកម្ពស់ ៥,១០០ម៉ែត្រ ដោយបច្ចុប្បន្ន ត្រូវបានទទួលតំណែងជាទីក្រុង ដែលខ្ពស់ជាងគេបំផុត នៅលើពិភពលោក។
២. ទីក្រុង El Alto ជាទីក្រុងដ៏ធំមួយ និងមានភាពរីកចំរើនខ្លាំង នៅក្នុងប្រទេសបូលីវី។ ទីក្រុងនេះមានអត្រាប្រជាជន ជាង ១,១លាននាក់ ដែលស្ថិតនៅកម្រិតកម្ពស់ ៤.១៥០ម៉ែត្រ។
៣.ទីក្រុង Potosi ជាទីក្រុងមួយរបស់ ប្រទេសបូលីវីដូចគ្នា ត្រូវបានគេសាងសង់ឡើងនៅក្នុងឆ្នាំ ១៥៤៥ មានអត្រាប្រជាជន ២៤០,០០០នាក់ ស្ថិតនៅកម្រិត កម្ពស់ ៤,០៩០ម៉ែត្រ។
៤.ទីក្រុង Shigatse គឺជាទីក្រុងធំជាងគេទី២ នៅក្នុងតំបន់ Tibet ប្រទេសចិន មានអត្រាប្រជាជន ១០០.០០០ នាក់ និងមានកម្រិតកម្ពស់ ៣,៨៤០ម៉ែត្រ។
៥.ទីក្រុង Juliaca ជាទីក្រុងនៃខេត្ត Puno ភាគខាងត្បូងឈៀងខាងកើត ប្រទេសប៉េរូ ជាទីក្រុង ដែលធំជាងគេបំផុតនៅក្នុងប្រទេស ជាមួយនឹងអត្រាប្រជាជន ២២៥,១៤៦ នាក់ មានកម្រិតកម្ពស់ ៣,៨២៥ម៉ែត្រ ពីកម្រិតទឹកសមុទ្រ នៅតំបន់ខ្ពង់រាប Collao។
៦.ទីក្រុង Oruro ត្រូវបានសាងសង់ឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៦០៦ ជាតំបន់ជីករ៉ែប្រាក់។ បច្ចុប្បន្ន ទីក្រុងមួយនេះ ក្លាយជាទីក្រុងដ៏សំខាន់មួយ នៅក្នុងប្រទេសបូលីវី ជាមួយនឹង អត្រាប្រជាជន ២៣៥,៣៩៣នាក់ មានកម្រិតកម្ពស់ ១២,១៥៩ម៉ែត្រ ពីកម្រិតទឹកសមុទ្រ។
៧.ទីក្រុង Lhasa មានទីតាំងនៅតាមបណ្តោយ តំបន់ខ្ពង់រាប Tibetan ហ៊ុមព័ទ្ធទៅដោយ ភ្នំហិមាល័យ។ ទីក្រុងនេះមានកម្រិតកម្ពស់ ៣.៦០០ម៉ែត្រ៕
ប្រភពៈ lookingtoday
ចុចអានបន្ត»

Sunday, June 30, 2013

thumbnail

៩ ចំណុច​ដែល​ Facebook​​ ប៉ះពាល់​ ដល់​​ជីវិត​របស់​​អ្នក​ប្រើ​ប្រាស់​


សម្រាប់អ្នកដែលមានគណនីហ្វេសប៊ុក  ដែលជាគេហទំព័រ នៃ​បណ្ដាញ សង្គម​ធំ ជាង គេ ក្នុង ពិភពលោក តែងតែប្រើប្រាស់​​គេហទំព័រ​នេះ សម្រេច​នូវ​បំណង​របស់​ខ្លួន ជា​ពិសេស​​ដើម្បី​ ​ទំនាក់​ទំនង​​មិត្តភ័ក្រ ​ចែក​​ផ្សាយ​​អ្វី​មួយ​ ឬ​ស្វែង​​រកការ​​ណាត់​ជួប​ណា​មួយ​នោះ​ជា​ដើម។ ទាំង​អស់ នេះ​ហើយ ​ដែល​​ធ្វើ​អោយ​ ហ្វេសប៊ុក​បាន​ក្លាយ​បន្តិច​ម្ដងៗ ជា​ផ្នែក​មួយ ​នៃ​ជីវិត​​របស់​​អ្នក​ប្រើ​ប្រាស់​វា។ សូម​​បញ្ជាក់​ថា ក្នុង​​ពេល​​បច្ចុប្បន្ន ហ្វេសប៊ុក (Facebook) មាន ​អ្នក ប្រើប្រាស់​ ច្រើន​ជាង ​១​ពាន់លាននាក់​​ នៅលើ​ពិភពលោក។ តែ​ក្នុង​ពេល​នេះ យើង ​សូម លើក​យក​ចំណុច​ខ្លះៗ ​ដែល​ហ្វេសប៊ុក កំពុង​តែ​ប៉ះពាល់​​ដល់​ការ​​រស់​នៅ និង ផ្លាស់ ប្តូរ ឥរិយាបថ ឬជីវិត របស់​មនុស្ស៖

១. ធ្វើឲ្យអ្នកញៀន៖ បើអ្នកមានគណនេយ្យហ្វេសប៊ុក តើ​អ្នក​អាច​មិន​បើក​មើល​វា​ក្នុ​ង​ពេល ២៤​ម៉ោង​ បាន​ទេ? បើ​តាម​ការ​ស្ទង់មតិ បាន​ឲ្យ​ដឹង​ថា ៨០% នៃ​អ្នក​ប្រើ​ប្រាស់ «មិនអាច» ធ្វើ​បាន​ទេ។ ការ​សិក្សា មួយ បាន​បង្ហាញ​ថា តំរូវ​ការ​ ការត្រួតពិនិត្យ និង​ចូលទៅ​ប្រើប្រាស់​​ហ្វេសប៊ុក គឺ​មាន​ឥទ្ធិពល​ជាង ​ការញៀន​ សារធាតុ​ស្រវឹង ​ឬក៏បារី​ទៀត។

២. វាធ្វើឲ្យអ្នកមានការប្រច័ណ្ឌ៖ នៅពេល​ដែល​អ្នក​ត្រួត​ពិនិត្យ នៅ​លើ​ទំព័រ​គណនី​នៃដៃគូរ​អ្នក វា​ងាយ​​ស្រួល​នឹង​ឃើញ​គាត់ ឬក៏​នាង កំពុង​តែ​សន្ទនា​ទៅ​​កាន់​អ្នក​ផ្សេង។ ទាំង​​នេះ​វា​ធ្វើ​ឲ្យ​អ្នក​​មាន​អារម្មណ៏​​មិន​ស្ងប់ និង​មាន​ការ​កើន​ឡើង​នៃ​ភាព​ប្រច័ណ្ឌ ក្នុង​ផ្លូវ​ស្នេហា​របស់​អ្នក។ តាម​​ការ​​សិក្សា​​បាន​ឲ្យ​ដឹង​​ថា ៣៥% នៃ​អ្នក​ប្រើប្រាស់​បាន​និយាយ​ថា ហ្វេសប៊ុក​ធ្វើ​ឲ្យ​គេមាន «អារម្មណ៏​ប្រច័ណ្ឌ»។ ហើយ​​ទាំង​​នេះ​វា​​នាំ​​ឲ្យ​មា​ន​​ការ​​បែក​បាក់ ឬបញ្ចប់​ជីវិត​ស្នេហា​ក៏មាន។

៣. ធ្វើឲ្យអ្នកក្លាយជានិយោជក ឬនិយោជិកដ៏ប្រសើរម្នាក់៖ យោង​តាម​ការ​សិក្សា​បង្ហាញថា មនុស្ស​​ដែល​ប្រើប្រាស់​ហ្វេសប៊ុក ក្នុង​គោលបំណង​ការងារ និង​ផ្សាយ​ពាណិជ្ជកម្ម ជា​ទូទៅ​ទទួល​បាន​លទ្ធផល ៩% ល្អ និង​ច្រើន​ជាងអ្នកដែលមិនប្រើប្រាស់។ អ្នក​អាច​ចែក​រំលែក​នូវការងារ​របស់​អ្នក ឬធ្វើ​ការ​ផ្សព្វ​​ផ្សាយ​​​​ផលិត​ផល នៃ​សហគ្រាស​​​របស់​អ្នក តាម​​ហ្វេសប៊ុក។ ទាំង​នេះវា​ធ្វើឲ្យ​អ្នក ជោគជ័យ​មួយ​​​កំរិត​​ថែមទៀត។

៤. វាអាចធ្វើឲ្យអ្នកមិនសប្បាយចិត្ត៖ មនុស្ស​ភាគច្រើន ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់​ទំនង​​សង្គម ដើម្បី ​ជជែក​ពី​ចំណុច​វិជ្ជ​មាន​ក្នុង​ជីវិត​របស់​ពួក​គេ។ ទាំង​នេះ​ជា​ចំនុច​​ល្អ​​ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក ​បើក​មើល​រូបភាព​​មិត្តភកិ្ត​របស់​អ្នក ដែល​សប្បាយ​រីករាយ និង​ញញឹម​ដាក់កា​ម៉ារ៉ា​នោះ ធ្វើ​ឲ្យអ្នក​​មាន​​អារម្មណ៏ថា ពួក​គេមាន​អារម្មណ៏​រីករាយ​គ្រប់ពេល។ ចំណុច​ទាំង​នេះ វា​ធ្វើ​ឲ្យ​អ្នកមាន​ការ«កើនឡើង» នូវកា​រ​តាន​តឹង​​ក្នុង​អារម្មណ៏ ដោយសារ​តែបញ្ហា​នៅក្នុងជីវិត​របស់​អ្នក និង​​ធ្វើឲ្យ​អ្នក​គិត​ថា​ជីវិត​​មនុស្ស​​មិន​យុត្តិធម៌។

៥. វាធ្វើឲ្យអ្នកពេញចិត្តនឹងខ្លួនឯង៖ យើង​ទើប​តែនិយាយ​ថា ហ្វេសប៊ុក​ធ្វើឲ្យ​អ្នកមិន​សប្បាយ​ចិត្ត ប៉ុន្តែ​នោះ​គ្រាន់​តែជា​ផ្នែកមួយ​តែ​ប៉ុណ្ណោះ។ បើ​អ្នក​ក្រឡេក​​ទៅមើល ទំព័រ​ផ្សេងៗ​ទៀត អ្នក​នឹង​​អាច​ទទួល​​​បាន​​ពត៌មាន ដ៏ល្អៗ​បំផុត​សំរាប់​អ្នក នោះវា​ប្រាកដ​ជា​ធ្វើឲ្យ​អ្នករីករាយ និង​​មាន​អារម្មណ៏​ចំពោះ​ខ្លួន​អ្នក​ផ្ទាល់។ ប៉ុន្តែ​អ្នក​ចាំ​បាច់ ត្រូវតែរើស​យកនូវទំព័រ​ណា ដែលប្រកប​ដោយ​ភាព​​វិជ្ជមាន​​​មក​ដាក់​​សម្រាប់​​​ទុក​ទស្សនា ឧទាហ៍រណ៍៖ ទំព័រអប់រំ ​ទំព័រសារពត៌​មានទស្សនាវដ្ដី​ឯករាជ្យ ឬទំព័រ​​សម្រាប់​កំសាន្ដ ​ប្រកប​​ដោយ​ការ​​ត្រិះរិះ​នោះ​ជាដើម។

៦. វាធ្វើឲ្យមិត្តភក្តិរបស់អ្នកមិនចូលចិត្តអ្នក៖ នៅពេល​ដែល​មាន​មនុស្សជា​ច្រើន បាន​បង្ហាញ​​ពី​រឿង​​ល្អៗ ​ក្នុងជីវិត​របស់គេ ហើយ​​អ្នកគ្រប់គ្នា​មាន​មិត្តភក្តិ​ម្នាក់ ឬពីរនាក់ ដែលតែងតែបង្ហាញ ពី​ភាព​បរាជ័យ​ក្នុង​ជីវិតរបស់គេក្នុងមួយថ្ងៃៗ។ តាមការសិក្សាបង្ហាញថា មនុស្សដែលបង្ហាញ ពីអារម្មណ៏​មិន​សប្បាយ​ចិត្ត នៅក្នុង​ហ្វេសប៊ុកញឹកញាប់ពេក វាធ្វើ​ឲ្យមិត្តភក្តិ​ជាច្រើនផ្សេងទៀត មិនចូលចិត្ត និង​យល់​​ថា ជា​ការរំខានដល់គេ។

៧. វាធ្វើឲ្យអ្នកមានអារម្មណ៏ថាធាត់៖វាប្រហែល​ជា​គ្មានការ​ភ្ញាក់​ផ្អើល​​ទេ នៅពេល​ដែល​ដឹង​ថា ៧៥% នៃ​អ្នក​ប្រើប្រាស់​​ហ្វេសប៊ុក​​ទាំងអស់​និយាយថា ពួកគេមិន​​សប្បាយ​ចិត្ត ចំពោះ​ខ្លួន​ប្រាណ​របស់គេ។ មនុស្សជា​ច្រើន​ចូលចិត្ត​ថតរូប ដូច្នេះ​អ្នកអាច​សង្កេត​ឃើញថា រូបភាពទាំងនោះ​មានភាព​ខុសប្លែកគ្នា។

៨. ធ្វើឲ្យអ្នកមានអារម្មណ៏តានតឹង (ស្រ្តេស)៖ នៅពេលដែលអ្នក ចង់មាន​​ទំនាក់ទំនង​​ជាមួយ​មិត្តភកិ្ត​​អ្នក ប៉ុន្តែ​ពួកគេ​មិន​ទទួល ឬមាន​ការយឺត​យ៉ាវ នោះ​វា​នឹង​ធ្វើ​ឲ្យអ្នក​​មាន​អារម្មណ៏តាន​តឹង។ តាម​​ការ​​សិក្សាស្រាវជ្រាវ​បាន​ប​ង្ហាញថា ៦៣% នៃអ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ទាំងអស់ បានពន្យា​ពេល​ឆ្លើយតប សំណើរ​សុំធ្វើ​ជាមិត្តភកិ្ត។ ៣០%ជាង បាននិយាយថា ពួកគេបដិសេដសំណើរទាំងនោះ។ ទាំង​នេះធ្វើឲ្យ​អ្នក ដែលស្នើរសុំធ្វើជាមិត្តភក្តិនោះ មានអារម្មណ៏ឈឺចាប់ និងសោកសៅណាស់ បើទោះ​បីជាវា មិនមែន​​នៅក្នុងឥរិយាបថ​ជីវិត​ពិតក៏ដោយ។

៩. ធ្វើឲ្យអ្នកបាត់បង់កិត្តិយស៖ ការសម្តែងនៅតាម​កញ្ចក់​ទូរទស្សន៏ និង​សាច់​រឿង បាន​​ជ្រាប​​ចូល​ក្នុង​អារម្មណ៏​​របស់​មនុស្ស ដែលធ្វើឲ្យអ្នកភ្លេចខ្លួនធ្វើអ្វី ដើម្បីកិត្តិយសខ្លួន។ តាម​ការសិក្សា​បានឲ្យ​ដឹង​ថា ៣៦% នៃអ្នកប្រើប្រាស់ហ្វេសប៊ុក ដែលមានវ័យក្រោម ៣៥ឆ្នាំ ជាទូទៅ មាន​ការបង្ហាញ​ពី​បញ្ហា​ភេទ ដូចជាបង្ហាញដើមទ្រូង រូបរាងស៊ិចស៊ី ស្លៀកខ្លីជ្រុល … នៅ​ក្នុង​បណ្តាញ​សង្គមហ្វេសប៊ុក ឬ ធ្វីតថឺ (Twitter)៕
ចុចអានបន្ត»

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top