ភ្នំពេញ: តារាស្រីសិចស៊ី ដើមទ្រូងធំ កញ្ញា ឆៃ លីដាឡែន ធ្លាប់មានរឿងអាស្រូវដោយការស្លៀកពាក់ ភ្លេចពីប្រពៃណីខ្មែរលើទឹកដីអាមេរិក កាលពីជាង១ឆ្នាំមុន បច្ចុប្បន្ននេះ គេនៅតែសង្កេតឃើញសន្ទុះកេរ្តិ៍ឈ្មោះរបស់នាង នៅតែដុនដាប ស្ងប់ស្ងាត់ដដែល ។ ដោយសារតែមានបញ្ហាអំពីកេរ្តិ៍ឈ្មោះរបស់នាងនេះហើយ ទើបធ្វើឲ្យតារាស្រីរូបនេះ សម្រេចចិត្តលាឈប់ពីការងារសិល្បៈ ដោយសារតែនាងនៅតែគ្មានឱកាសបញ្ចេញមុខមាត់ នៅលើកញ្ចក់ទូរទស្សន៍ ដូចពេលមុន ។អស់រយៈពេលជាង១ឆ្នាំមកហើយ គឺចាប់តាំងពីនាងបានត្រឡប់មកពីសម្តែងនៅអាមេរិកវិញនោះ នាងបានបាត់បង់ឱកាសបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ ដោយខាងស្ថានីយទូរទស្សន៍មិនអញ្ជើញនាងឡើងកម្មវិធីនានាឡើយ។ នេះជាដើមហេតុ ដែលធ្វើឲ្យនាងសម្រេចចិត្តបោះបង់អាជីពនេះចោល ដោយគ្មានស្តាយស្រណោះ ។បើតាមប្រភពពីអ្នកសិល្បៈ នៅជិតតារាដើមទ្រូងធំ កញ្ញា ឆៃ លីដាឡែន បានឲ្យដឹងថា ពេលនេះ នាងបានផ្អាកពីការងារសិល្បៈទាំងស្រុងហើយ ដោយសារតែរហូតមកដល់ពេលនេះ នាងនៅតែគ្មានឱកាសកសាងកេរ្តិ៍ឈ្មោះ ឲ្យអណ្តែតឡើងខ្ពស់ដូចពេលមុន ។
ប្រភពដដែលបានបង្ហើបបន្ថែមទៀតថា ទោះបីជាពេលនេះ អាឡែន មិនបានចូលប្រឡូកក្នុងសិល្បៈដោយចំហដូចមុនក៏ពិតមែន តែនាងនៅតែបន្តប្រឡូកក្នុងវិស័យសិល្បៈដោយប្រយោល គឺការច្រៀងនៅខនសឺតតាមខេត្ត ដែលមានទស្សនិកជនមួយចំនួន នៅតែបន្តគាំទ្រនាងដដែល បើទោះជាមានទស្សនិកជនមួយចំនួន ហាក់នៅតែខឹងសម្បានាង ដោយសារតែកំហុសអចេតនានោះក៏ដោយ ។សូមរំលឹកថា បុប្ផាមានសម្រស់លើទឹកដីខេត្តបាត់ដំបង កញ្ញា ឆៃ លីដាឡែន បានបញ្ចេញភាពសិចស៊ីហួសដែនកំណត់ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន មានការខឹងសម្បាទៅលើនាង ខណៈដែលនាងនៅសម្តែងនៅលើទឹកដីអាមេរិក ហើយក្រោយពីនាងបាន ត្រឡប់មកដល់ស្រុកកំណើតវិញ នាងក៏ត្រូវបានខាងស្ថានីយទូរទស្សន៍ ផ្អាកឈប់អញ្ជើញឡើងទូរទស្សន៍ រហូតដល់បច្ចុប្បន្ននេះ ។ ទោះជាយ៉ាងណា នាងក៏បានចេញមុខសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋ ពីកំហុសអចេតនារបស់នាងជាច្រើនដងរួចមកហើយដែរ។ តែកំហុសដែលនាងធ្វើខុសមួយពេល បែរជាត្រូវគេថ្កោលទោស អស់រយៈពេលជាង១ឆ្នាំហើយ ដល់ថ្នាក់ធ្វើឲ្យតារាស្រីរូបនេះ អស់ការអត់ធ្មត់ លែងខាំមាត់សង្កត់ចិត្តតទៅទៀត ដោយសម្រេចចិត្តដើរចេញពីសិល្បៈ គ្មានការស្តាយស្រណោះអ្វីឡើយ ។ពាក់ព័ន្ធនឹងការលើកឡើងពីប្រភពស្និទ្ធខាងលើ អ្នកយកព័ត៌មាន CEN បានទូរស័ព្ទទៅកញ្ញា ឆៃ លីដាឡែន ក្នុងបំណងសុំការបកស្រាយពីនាង តែការហៅទូរស័ព្ទចូលចំនួនពីរ-បីដង នាងមិនលើក ៕
ប្រភពពីៈ CEN

0 comments: