Wednesday, July 10, 2013

ព្រាប សុវត្ថិ ត្រៀម​​ទៅ​​ចូល​​រួម​​​វេទិកា​​​អាស៊ាន នៅ​​ជប៉ុន

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Wednesday, July 10, 2013  | No comments

មុន​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី លោក​ព្រាប សុវត្ថិ បាន​សម្រុក​ថត MY TV មួយ​ប្រាវ​ទៀត កាល​ពី​ថ្ងៃទី​២០ មិថុនា ហើយ​កំពូល​តារា​ចម្រៀង​​រូប​នេះ បាន​បំពេញ​ការងារ​ធំ​មួយ​ទៀត គឺ​ត្រូវ​ជាប់​ភារកិច្ច​ទៅ​ច្រៀង​ នៅ​ប្រទេស​ជប៉ុន ជា​លក្ខណៈ​ថ្នាក់​ជាតិ តំណាង​ឱ្យ​តារា​ខ្មែរ​ទូទៅ ១​សប្តាហ៍ ក្នុង​វេទិកា​អាស៊ាន។ លោក​ព្រាប សុវត្ថិ បាន​ប្រាប់​ថា លោក​ពិត​ជា មាន​មោទន​ភាព និង​រំភើប​ជា​ខ្លាំង ក្នុង​វេទិកា​ប្រវត្តិសាស្ត្រ​នេះ…។
លោកព្រាប សុវត្ថិ បានចេញទៅ​ច្រៀង​ជា​លក្ខណៈថ្នាក់ជាតិ ម្តង​ហើយ នៅប្រទេសជប៉ុន កាលពីឆ្នាំ​២០០៤ និងទៅប្រទេសថៃ អំឡុង​ពេល​ដែលកម្ពុជា កំពុងតែមាន​បញ្ហា​ទំនាស់​រឿងប្រាសាទព្រះវិហារ កាល​ពី​ឆ្នាំ២០០៨ ដើម្បីបង្ហាញលក្ខណៈ​មិត្តភាព ខ្មែរ-ថៃ ក៏ដូចជាការទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង២។
ដោយឡែក នៅឆ្នាំ២០១៣ នេះ មានព័ត៌មានថា លោកព្រាប សុវត្ថិ នឹងត្រូវចេញទៅប្រទេសជប៉ុន ម្តងទៀត ដើម្បីចូលរួមវេទិកាដ៏ធំរបស់អាស៊ាន ដែលធ្វើឡើងនៅអំឡុង​ខែវិច្ឆិកា ឆ្នាំ២០១៣។
ក្នុងជំនួបផ្ទាល់ជាមួយលោកព្រាប សុវត្ថិ នៅStudio ទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី២០ មិថុនា លោកព្រាប សុវត្ថិ បាននិយាយដោយរីករាយថា លោកពិតជាត្រូវបានខាង​ក្រសួងរៀបចំឱ្យលោក ទៅវេទិកាដ៏ធំនោះមែន ហើយលោកពិតជាពេញចិត្ត និងជាកិត្តិយសមួយ សម្រាប់លោកជាសិល្បករ។
ព្រាប សុវត្ថិ បានប្រាប់ថា “ខ្ញុំនឹងចេញទៅក្នុងនាមជាតារាតំណាងសិល្បករខ្មែរ ហើយយើង នឹងស្នាក់នៅជប៉ុន ១សប្តាហ៍ នៅខែវិច្ឆិកា នោះ។ ប្រទេសអាស៊ាន ទាំង១២ហ្នឹង ក៏គេមានតារាគេ ម្នាក់មួយជាតំណាងដែរ វាគឺជាវេទិកាដ៏ធំណាស់។ សម្រាប់ខ្ញុំ ពិតជារំភើបណាស់ ហើយនេះជាលើកទី៣ ហើយសម្រាប់ខ្ញុំ ដែលមានឱកាសច្រៀងជា​លក្ខណៈ​​ថ្នាក់​ជាតិបែបនេះ។ ខ្ញុំធ្វើកិច្ចការ ដើម្បីឱ្យប្អូនៗ អ្នកសិល្បៈស្រករក្រោយ បានដឹងថា យើងបានបន្សល់ស្នាដៃការងារសម្រាប់សង្គមជាតិយើងដែរ។ ចំណែក​វេទិកា​នោះ ខ្ញុំនឹងយកបទចម្រៀងដែលឆ្លុះបញ្ចាំងអត្ថន័យពីស្រុកខ្មែរយើង ឱ្យ គេបានស្គាល់។ ចំណែកការស្នាក់នៅ និងធ្វើដំណើរ គឺខាងក្រសួងជាអ្នករៀបចំ ចាត់ចែងឱ្យ​គ្រប់​បែប​យ៉ាង”។
មុនទៅជប៉ុន នេះ លោកព្រាប សុវត្ថិ កំពុងតែរៀបចំខ្លួន ដើម្បីទៅ ច្រៀងនៅប្រទេសអូស្ត្រាលី ជាង១ខែ តាមរយៈអង្គការមួយ ដែល ទាក់ទងកិច្ចការជួយសង្គមផងដែរ ហើយ​​លោកបានធ្វើសកម្មភាព នេះ ១០ឆ្នាំមកហើយ និងបានអះអាងថា នឹងនៅតែបន្តជារៀងរហូត ទៅមុខទៀត។
តារាល្បីរបស់រស្មីហង្សមាស រូបនេះ បានបន្ថែមថា ការ ទៅច្រៀងអូស្ត្រាលី លើកទី៥នេះ ខុសពីលើកមុនៗ ព្រោះត្រូវ បង្ហួសទៅសម្តែងច្រៀង ១សប្តាហ៍ នៅប្រទេស​ញូវហ្សេឡែនដ៍ ផងដែរ។
តារាល្បីជាង ១ទសវត្សរ៍រូបនេះ បានបន្តថា “យើងទៅ លើកនេះ ជាខួបលើកទី១០ សម្រាប់អង្គការមួយ ដែលខ្ញុំតែងតែ ជួយថវិកាខ្លះ តាមរយៈការច្រៀងសម្តែង ១០ឆ្នាំ​ហើយ។ ពេលនេះ ខ្ញុំនៅតែបន្តទៀត ព្រោះតែខ្ញុំពេញចិត្តនឹងធ្វើសកម្មភាព ទាំងនោះ។ បើតាមគម្រោង គឺសម្តែងជាង១ខែ ហើយខ្ញុំត្រូវយកក្រុមភ្លេង (Bands) ខ្ញុំទៅទៀត នឹងត្រូវបង្ហួសទៅលេង នៅប្រទេសញូវហ្សេឡែនដ៍ ១សប្តាហ៍ តាមការសំណូមពរ។ នេះជាលើកទី១ហើយ ដែលខ្ញុំបានទៅប្រទេសញូវហ្សេឡែនដ៍ ជួបបងប្អូននៅទីនោះ”។
បើតាមព័ត៌មានថា មុនទៅជប៉ុន នេះ លោកព្រាប សុវត្ថិ ទើបថតស្ពតលក្ខណៈស្តង់ដារទ្រង់ទ្រាយធំ៣បន្ថែមទៀត ដោយ ស៊ីថ្លៃរាប់ម៉ឺនដុល្លារ ហើយតាមប្រភពថា ព្រាប សុវត្ថិ មិនចេះតែ ថតទេ ទាល់តែមានលក្ខខណ្ឌច្បាស់លាស់។
ព្រាប សុវត្ថិ បានអះអាងថា “ការពិត គឺនៅ១ខែមុននេះ ខ្ញុំទើប បានថតស្ពត៣មែន ដោយមានការព្រមព្រៀងគ្នា មានការចុះកុងត្រា ត្រឹមត្រូវ។ ស្ពតទាំង៣ដែលខ្ញុំទើប តែ​បានថតនេះ មានមួយ ខ្ញុំថតជា ក្រុមគ្រួសារខ្ញុំ ឱ្យក្រុមហ៊ុនធានារ៉ាប់រងមួយផ្តាច់មុខ និងមួយទៀត ជា ប្រវត្តិខ្ញុំ ឱ្យក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលមានការចុះកុងត្រា៣ឆ្នាំ។ ចំណែកស្ពតមួយទៀត ថតជាមួយកែវ ស្រីនាង ឱ្យក្រុមហ៊ុនមួយ នឹងចេញឆាប់ៗនេះ ហើយដែរ។ ឥឡូវទោះជាដល់រដូវធ្លាក់ភ្លៀងមែន តែខ្ញុំនៅតែជាប់រវល់ច្រៀង តាម​បណ្តា​ក្រុមហ៊ុនមួយចំនួន ដែលគេធ្វើតាមបណ្តាសណ្ឋាគារធំៗ”។
ព្រាប សុវត្ថិ នឹងនៅតែឈានមុខគេ ពិបាកតារាណាផ្តួលបាន នៅពេលដែល ស្ពតធំៗទាំង៣ ចេញស្របគ្នា ហើយទីផ្សារចម្រៀង នៅតែពេញនិយមនៅឡើយ ទាំងការច្រៀង​បទ​ពីដើមឡើងវិញ និងបទបែបយុវវ័យ…៕
ប្រភព៖ អង្គរធំមេឌា

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top