ភ្នំពេញ: បួននាក់បានទទួលរងរបួសធ្ងន់ ក្រោយពីត្រូវរថយន្តស្ព័រមួយគ្រឿងបើកបុកជាបន្តបន្ទាប់ ពីមុខវត្តស្ទឹងមានជ័យ ដល់មុខសាលាភូមិន្ទកសិកម្មចម្ការដូង កាលពីវេលាម៉ោង ២និង៣០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់វ័យជាង ៣០ឆ្នាំ បើករថយន្តស្ព័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-4003 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់មុខវត្តស្ទឹងមានជ័យ រថយន្តក៏បានរេចង្កូតបុករ៉ឺម៉កដឹកក្រូចឆ្មារ ១គ្រឿង បណ្តាលឱ្យបុរសអ្នកបើកបររ៉ឺម៉កបោកក្បាលនឹងថ្នល់សន្លប់របួសធ្ងន់ និងស្ត្រីម្នាក់ទើលើរថយន្តបង្កជាង ៥០០ម៉ែត្រ ទើបធ្លាក់ពីលើរថយន្តរងរបួសធ្ងន់។ រថយន្តបង្កបានព្យាយាមបើករត់ជ្រុលទៅបុកម៉ូតូស្តេប ១គ្រឿងទៀត នៅជិតទីស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បណ្តាលឲ្យបុរស ២នាក់ រងរបួសធ្ងន់ បាក់ដៃបាក់ជើង។ រថយន្តបន្តអូសម៉ូតូស្តេបពីចំណុចកើតហេតុជាង ៣គីឡូម៉ែត្រ ទើបម៉ូតូខ្ទាតចេញពីរថយន្ត ហើយរថយន្តបន្តបើករហូតមកដល់មុខសាលាភូមិន្ទកសិកម្មចម្ការដូង ជ្រុលទៅបុកគំនរសំរាមបើកទៅមុខលែងរួច។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក ត្រូវសមត្ថកិច្ចចាប់បញ្ជូនមកកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៕
ប្រភពៈ CEN






0 comments: